(ភ្នំពេញ)៖ នេះជាដំណឹងដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងសម្រាប់បងប្អូនប្រជាជនខ្មែរ ហើយក៏សូមថ្វាយមហាកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ស្តេចយាងទៅកាន់ទីឋានបរមសុខហើយ ។ យោងតាម ទំព័រហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ បានឱ្យដឹងថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ (ម៉ោងនៅប្រទេសកម្ពុជា) ។
សូមបញ្ជាក់ថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី ។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕
ប្រភព៖ Royal du Cambodge
សម្រួលអត្ថបទ៖ Rith